តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូង​រាជធានីភ្នំពេញ​ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទ​ប្រកាន់លោក ម៉ិច ដារ៉ា ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម «កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់»។

[…] អំពីទីកន្លែង និងពេលវេលាកើតហេតុ ក្នុងបទចោទក្នុងសំណុំរឿងនេះ មិន​មាន​ភាពច្បាស់លាស់​ដែលសាធារណជនអាចយល់ថា អង្គហេតុញុះញង់ប្រព្រឹត្តតាមបទចោទនោះ កើតនៅទីកន្លែងណាក្នុងរាជធានីភ្នំពេញ មានដូចជាទីតាំងកើតហេតុ ផ្ទះលេខ សង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ និងប្រព្រឹត្តនៅពេល​ណាច្បាស់លាស់។ ពេលវេលាកើតហេតុ គឺត្រូវតែច្បាស់លាស់ជានិច្ច ដែលមិនអាចធ្វើការចោទប្រកាន់ប្រហាក់ប្រហែល ឬ ចោទប្រកាន់សរុបពេលវេលាដោយគ្មានបញ្ជាក់ពេលវេលាកើតហេតុច្បាស់លាស់បានឡើយ ។

ក្នុងន័យនេះ ពេលវេលាកើតហេតុដែលចោទប្រកាន់ថា លោក ម៉ិច ដារ៉ា បានប្រព្រឹត្តអំពើញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម កើតនៅម៉ោងប៉ុន្មាន ថ្ងៃណា ខែណា ឆ្នាំណាឲ្យជាក់លាក់ ?

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រកាសថា «កើតឡើងអំឡុងខែកញ្ញា និង បន្តបន្ទាប់» ។ តាមព័ត៌មាននេះ ការចោទ​ប្រកាន់​មិនមានបញ្ជាក់ពេលវេលាច្បាស់លាស់ទេ ហេតុនេះ លោកម៉ិច ដារ៉ា មានសិទ្ធិដឹងពីពេលវេលាចោទប្រកាន់ច្បាស់លាស់ ទាំងម៉ោង ថ្ងៃ ខែ និង ឆ្នាំ ដើម្បីធ្វើការតទល់ស្វែងរកការពិតតាមនីតិវិធីព្រហ្មទណ្ឌ ។ […]