តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់លោក ម៉ិច ដារ៉ា ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម «កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់»។
[…] អំពីទីកន្លែង និងពេលវេលាកើតហេតុ ក្នុងបទចោទក្នុងសំណុំរឿងនេះ មិនមានភាពច្បាស់លាស់ដែលសាធារណជនអាចយល់ថា អង្គហេតុញុះញង់ប្រព្រឹត្តតាមបទចោទនោះ កើតនៅទីកន្លែងណាក្នុងរាជធានីភ្នំពេញ មានដូចជាទីតាំងកើតហេតុ ផ្ទះលេខ សង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ និងប្រព្រឹត្តនៅពេលណាច្បាស់លាស់។ ពេលវេលាកើតហេតុ គឺត្រូវតែច្បាស់លាស់ជានិច្ច ដែលមិនអាចធ្វើការចោទប្រកាន់ប្រហាក់ប្រហែល ឬ ចោទប្រកាន់សរុបពេលវេលាដោយគ្មានបញ្ជាក់ពេលវេលាកើតហេតុច្បាស់លាស់បានឡើយ ។
ក្នុងន័យនេះ ពេលវេលាកើតហេតុដែលចោទប្រកាន់ថា លោក ម៉ិច ដារ៉ា បានប្រព្រឹត្តអំពើញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម កើតនៅម៉ោងប៉ុន្មាន ថ្ងៃណា ខែណា ឆ្នាំណាឲ្យជាក់លាក់ ?
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រកាសថា «កើតឡើងអំឡុងខែកញ្ញា និង បន្តបន្ទាប់» ។ តាមព័ត៌មាននេះ ការចោទប្រកាន់មិនមានបញ្ជាក់ពេលវេលាច្បាស់លាស់ទេ ហេតុនេះ លោកម៉ិច ដារ៉ា មានសិទ្ធិដឹងពីពេលវេលាចោទប្រកាន់ច្បាស់លាស់ ទាំងម៉ោង ថ្ងៃ ខែ និង ឆ្នាំ ដើម្បីធ្វើការតទល់ស្វែងរកការពិតតាមនីតិវិធីព្រហ្មទណ្ឌ ។ […]